ផ្កា​ស្នេហ៍​ប្រែ​ពណ៌​រុះ​រោយ នាំ​កូន​តូច​ចុះ​ចាក​ចោល​ប្តី ឱ្យ​រស់​ឯកោ​ និង​ឈឺ​ចាប់

អាទិត្យ ១៧ មីនា, ២០១៣ ម៉ោង ០៨:៤២ខេត្ដប៉ៃលិន ៖ ធម្មជាតិបង្កើតមនុស្សប្រុសស្រីមក ក្នុងលោកិយយើងនេះ តែងជាគូនឹងគ្នា ។ ទោះបីជាបែបនេះ ក្ដីគូស្នេហ៍ប្ដីប្រពន្ធខ្លះ ក៏មិនប្រាកដថាបានរួមរស់ ជាមួយគ្នា រហូតចាស់ព្រឹទ្ធចាស់ព្រេងនោះទេ តែងមានការបែកបាក់ ឬព្រាត់ប្រាស់គ្នា ហើយភាពផ្អែមល្ហែមនៃជីវិតបានត្រឹមតែជាសុបិនប៉ុណ្ណោះ ។ រឿងរ៉ាវជីវិតប្ដីប្រពន្ធមួយគូដែលទើបតែរៀបការ រស់នៅជាមួយគ្នាជាងមួយឆ្នាំ រហូតបានកូនស្រីម្នាក់មានអាយុ៤ខែ  ក៏ត្រូវម្ដាយខាងស្រីបំបែក ដោយបង្ខំឱ្យនាងទៅតាមបុរសម្នាក់ទៀត ដែលគេមានលុយច្រើន ធ្វើឱ្យបុរសជាប្ដីរស់នៅរងទុក្ខ ឈឺចុកចាប់ខ្លោចផ្សាពេញក្រអៅបេះដូង ។ បុរសជាប្ដីមិនដឹងជាធ្វើយ៉ាងណានឹងយកប្រពន្ធកូន មកវិញបាននោះទេ  មានតែអង្គុយយំម្នាក់ឯង ដោយនឹកស្រណោះអាឡោះ អាល័យប្រពន្ធនិងកូនស្រីរបស់ខ្លួន ។ សម្ដីទាំងនេះគឺជាការអះអាងរបស់បុរសជាប្ដី ។

រឿងរ៉ាវប្រពន្ធយកកូនស្រីអាយុ៤ខែ រត់តាមប្រុសថ្មីនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៨ មីនា ចំនឹងថ្ងៃសិទ្ធិនារីថែមទៀត ស្ថិតនៅក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ បុរសជាប្ដីឈ្មោះម៉ៅ អាយុ ២៥ឆ្នាំ ជាកម្មករមានស្រុកកំណើតនៅភូមិព្រែកទ្រនប់ ឃុំកំពង់ស្វាយ ស្រុកស្អាង ខេត្ដកណ្ដាល មានម្ដាយឈ្មោះម៉ី ហៀង អាយុ៥៧ឆ្នាំ ឪពុកឈ្មោះទ្រី លី អាយុ៥១ឆ្នាំ ជាកម្មករក្នុងមន្ទីរពេទ្យខេត្ត ។ ចំណែកប្រពន្ធឈ្មោះមូល ស្រីចិន អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្ដកំពត មានកូនស្រីឈ្មោះម៉ៅ ចិន្ដា អាយុ៤ខែ មានម្ដាយឈ្មោះស្រី ឃី អាយុ៤៧ឆ្នាំ ជាស្រ្ដីមេម៉ាយបច្ចុប្បន្នរស់នៅភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

តាមប្រភពពីស្រ្ដីចំណាស់ឈ្មោះម៉ី ហៀង ត្រូវជាម្ដាយរបស់បុរសប្រពន្ធរត់ចោលបានរៀបរាប់ឱ្យដឹងថា គាត់មានកូនប្រុស២នាក់ កូនទី១-ឈ្មោះលី ម៉ៅ អាយុ២៥ឆ្នាំ ទី២-ឈ្មោះលី លីន អាយុ១៨ឆ្នាំ នៅលីវ សព្វថ្ងៃពួកគាត់រស់នៅធ្វើ ការជាកម្មករក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ កាលពីជាង១ឆ្នាំមុន កូនប្រុសច្បងឈ្មោះម៉ៅ បានចាប់ចិត្តប្រតិព័ទ្ធលួចស្រឡាញ់នារីម្នាក់ ដោយមិនបានដឹងថា នាងជានារីដែលត្រូវគេចាប់រំលោភម្ដងរួចមកហើយនោះទេ ។ ក្រោយពីកូនគាត់និងនារីរូបនោះបានទាក់ទង គ្នាអស់រយៈពេលជាង១ខែរួចមក ពួកគេក៏បានស្គាល់ចិត្ដគ្នាទៅវិញទៅមក ។ នៅមុនរៀបការពួកគេស្រឡាញ់គ្នាបានជាង២ខែទៅហើយ ទើបកូនគាត់បានមករំអុកឱ្យគាត់នាំចាស់ទុំ ចូលទៅស្ដីដណ្ដឹងនារីរូបនោះតាមផ្លូវច្បាប់ ហើយគ្រួសារទាំងពីរក៏ព្រមព្រៀងគ្នាដែរ ដោយម្ដាយខាងស្រីទារថ្លៃទឹកដោះចំនួនតែ១០០ដុល្លារ ។ ក្រោយពីភ្ជាប់ពាក្យរួច គាត់ជាម្ដាយខាងប្រុសក៏បានទៅ រកហោរគន់គូមើលថ្ងៃខែ ដើម្បីរើសវេលារៀបការឱ្យពួកគេទាំងពីរនាក់ ។ ពេលនោះ ម្ដាយខាងប្រុសបានកក់ភ្នួង កក់តុ កៅអី និងគ្រឿងភ្លេងរួចរាល់អស់ ហើយ ដោយចំណាយជាង១០០ដុល្លារ ។ ស្រាប់តែនៅថ្ងៃទី៥ មេសា ឆ្នាំ២០១២ ស្រ្ដីជាម្ដាយខាងស្រីបានបង្ខំកូនស្រីខ្លួនឱ្យទៅដើរលេង ជាមួយប្រុសថ្មីម្នាក់ទៀតដែលនាងអត់បានស្រឡាញ់ ។ បុរសនោះគេមានលុយចាយ និងមានរថយន្ដជិះ តែនាងអត់ព្រមទៅជាមួយគេទេ ព្រោះនាងបានស្រឡាញ់កូនគាត់ដែល ជាគូដណ្ដឹងរួចទៅហើយ គឺឈ្មោះម៉ៅ ដោយនាងប្រាប់ម្ដាយថា គូដណ្ដឹងនាងជាមនុស្សល្អចេះអាណិតអាសូរ ស្មោះត្រង់ ទោះបីជារូបនាងត្រូវគេចាប់រំលោភម្ដងរួចទៅហើយ ក៏គាត់មិនព្រមបោះបង់នាងចោលដែរ ។ នាងបានសារភាពនៅចំពោះមុខកូនប្រុសគាត់ថា នាងនៅតែជាប្រពន្ធដដែល ក្រោយមកនាងក៏រត់ចេញពីផ្ទះម្ដាយបង្កើតរបស់ខ្លួន មករស់នៅផ្ទះគាត់ជាម្ដាយខាងប្រុសជាគូដណ្ដឹង ព្រោះម្ដាយបង្កើតវាយ បង្ខំនាងឱ្យយកប្រុសថ្មីដែលមានទ្រព្យសម្បត្ដិ តែនាងមិនស្ដាប់តាមគាត់ដែលបង្ខំឱ្យទៅទាក់ទងប្រុសថ្មីម្នាក់ទៀតនោះទេ ។
ក្រោយពីនោះមក នាងត្រូវម្ដាយកាត់កាលចោល ទោះបីជាដល់ថ្ងៃរៀបការពួកគេទាំងពីរនាក់ ក៏គាត់អត់មកចូលរួមដែរ គឺមានតែម្ដាយនិងឪពុកខាងប្រុស ព្រមទាំងញាតិសន្ដានជិតខាងចូលរួមតែប៉ុណ្ណោះ ។ ក្រោយរៀបការនៅថ្ងៃទី១៦ មេសា ឆ្នាំ២០១២ រួចមក អ្នកទាំងពីរបាននាំគ្នាគេចខ្លួនទៅរស់នៅស្រុកសំពៅលូន ខេត្ដបាត់ដំបង ព្រោះខ្លាចម្ដាយខាងស្រីតាមបំបែកជាបន្ដទៀត ដោយបង្ខំឱ្យនាងទៅយកប្ដីថ្មី ។

ស្រ្ដីជាម្ដាយខាងប្រុសដែលពេលនេះប្រពន្ធ និងកូនឃ្លាតបាត់ទាំងស្រមោលទៅហើយបន្ដថា លុះពួកគេទៅរស់នៅទីនោះបានប្រហែល៣ទៅ៤ខែ គាត់ជាម្ដាយខាងប្រុសសុំឱ្យពួកគេទាំងពីរនាក់ ត្រឡប់មកធ្វើជាកម្មករនៅមន្ទីរពេទ្យបង្អែកខេត្តវិញ ហើយពេលនោះកូនប្រសាស្រីមានផ្ទៃពោះ៣ខែទៅហើយ ស្រាប់តែម្ដាយខាងស្រីមកជួបកូនរបស់ខ្លួន សុំឱ្យនាងរំលូតកូនក្នុងផ្ទៃចោល ដោយប្រាប់នាងថាកុំទុកអី កូននេះជាកូនរបស់បុរសដែលរំលោភនាងពីមុនមកទេ ហើយបើសិនជាកូនអាឈាមខ្មៅដែលឯងរៀបការនេះ ក៏មិនត្រូវទុកដែរ ព្រោះវាក្ររហេមរហាម សូមមកតាមម៉ែ ហើយយកប្ដីថ្មីទៀតទៅ មិនខ្វះទេអ្នកស្រឡាញ់កូននោះ ។ តែនាងជាប្រពន្ធមិនព្រមតាមម្ដាយទេ ដោយនាងនិយាយថា ក្មេងនេះជាកូនប្ដីរបស់នាង នាងមិនព្រមយកចេញទៅណាទេ ព្រោះអីនាងត្រូវគេរំលោភ រួចបោះបង់ចោល តែត្រូវបានប្ដីរូបនេះជួយសង្គ្រោះយកនាងមកធ្វើ ជាប្រពន្ធពេញច្បាប់ ថែមទាំងថ្នាក់ថ្នមនាងដោយក្ដីស្រឡាញ់ទៀតផង ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកដោយម្ដាយនាងនៅតែបន្ដ លួងលោមបញ្ឆោតឱ្យនាងចេញពីប្ដី ព្រមទាំងមានបងស្រីរបស់នាងបានទូរស័ព្ទ ប្រាប់ឱ្យនាង រត់ចេញពីប្ដីអោយទៅរស់នៅជាមួយពួកគេនៅទីនោះ ហើយយកប្ដីថ្មី ទើបនៅព្រឹកថ្ងៃទី៨ មីនា ស្រាប់តែម្ដាយរបស់នាងបានទូរស័ព្ទឱ្យម៉ូតូឌុបម្នាក់ មកដឹកនាងលួចរត់គេចខ្លួនបាត់ស្រមោលទៅ ។ ពេលនេះគាត់ជាម្ដាយខាងប្រុសបានដាក់ពាក្យបណ្ដឹង ទៅខាងមន្ទីរកិច្ចការនារីរួចរាល់ហើយ ចំណែកខាងសមត្ថកិច្ចនៅថ្ងៃទី៨ មីនា នេះគេអត់ធ្វើការទេ ។ គាត់ដាក់ពាក្យប្ដឹងនេះគឺ ដើម្បីឱ្យពួកគេយកចៅស្រីរបស់គាត់ត្រឡប់មកវិញ និងចោទពីបទជួញដូរមនុស្សខុសច្បាប់ ។

ចំណែកលោក ម៉ៅ ត្រូវជាប្ដីបានរៀបរាប់ឱ្យដឹងថា មុនពេលរៀបការរូបគេបានទៅហូបស្រាបៀរ ជាមួយមិត្ដភក្ដិជាច្រើននាក់នៅក្បែរផ្ទះរបស់នាង ពេលបានឃើញនាងក៏ចាប់ចិត្តលួចស្រឡាញ់ ។ លុះក្រោយមក ក៏សុំលេខទូរស័ព្ទរបស់នាង ហើយពេលត្រឡប់មកដល់ផ្ទះវិញ ក៏បានទាក់ទងសាសងគ្នាតាមទូរស័ព្ទជារៀងរាល់ថ្ងៃ រហូតដល់បង្កើតជាសេចក្ដីស្នេហារិតចំណងបេះដូង ។ ប្រភពបន្ដទៀតថា ក្រោយពេលទាក់ទងគ្នាបាន១ខែកន្លះ នាងក៏ចាប់ចិត្តស្រឡាញ់ទៅលើរូបគេ ចំណែករូបគេក៏ស្រឡាញ់នាងយ៉ាងខ្លាំងស្ទើរតែបាត់មុខមិនបានដែរ ហើយក៏អត់ដឹងថា នាងជានារីដែលអស់ភាពបរិសុទ្ធដែរ តែក្រោយពីដណ្ដឹងនាងរួច នាងបានប្រាប់ថា ត្រូវគេចាប់រំលោភម្ដងរួចមកហើយ នៅក្នុងគម្ពោធព្រៃក្បែរមាត់ស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ រូបគេនៅតែស្រឡាញ់នាង មិនព្រមដោះដៃ បោះបង់ចោលនាងទេ ដោយអាណិងអាសូរនាងកាន់តែខ្លាំង ទើបឱ្យម្ដាយចូលស្ដីដណ្ដឹងនិងរៀបការរស់ នៅជាមួយគ្នាតាំងពីពេលនោះមក ។ ប៉ុន្ដែនៅមុនពេលរៀបការម្ដាយខាងស្រីគាត់បាន និយាយកាត់កាលកូនរបស់ខ្លួនចោលរួចទៅហើយ ព្រោះខឹងនឹងនាងមិនព្រមទៅដើរលេងជាមួយប្រុសផ្សេងម្នាក់ទៀតជាអ្នកមានលុយ មានឡាន កាលពីរដូវចូលឆ្នាំខ្មែរ ឆ្នាំ២០១២ កន្លងមក បើទោះបីជាដឹងថា ពួកគាត់បានភ្ជាប់ពាក្យនឹងគ្នាហើយក៏ដោយ ។

បន្ទាប់ពីរៀបការរួចពួកគេក៏នៅមិនសុខទេ ព្រោះម្ដាយនាងតាមវាយដំធ្វើបាបប្រពន្ធ ទោះបីជាម្ដាយខាងប្រុសធ្លាប់ហៅសមត្ថកិច្ចមកជួយឃាត់ឃាំង ជាច្រើនដងយ៉ាងណាក៏មិនអាចធ្វើទៅបានដែរ ព្រោះគាត់ជាមនុស្សប្រមឹក ។

ទាក់ទិននឹងការបាត់ប្រពន្ធជាទីស្រឡាញ់និងកូនស្រីតូច បុរសជាប្ដីនិងស្រ្ដីជាម្ដាយរបស់ខ្លួន បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់គឺមិនឱ្យខាងម្ដាយក្មេក ប្រព្រឹត្តផ្ដេសផ្ដាសតាមអំពើចិត្តបែបនេះទេ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s